លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅល្ងាចថ្ងៃច័ន្ទ ១៣ តុលានេះ បានព្រមានភាគីថៃឲ្យដកកងទ័ពចេញពីព្រលានឥន្ទ្រី ដែលស្ថិតនៅចម្ងាយប្រមាណ៣គីឡូម៉ែត្រភាគខាងលិចប្រាសាទព្រះវិហារ ដែលថៃបានព្យាយាមចូលមកក្នុងទឹកដីខ្មែរកាលពីព្រឹកមិញ ឲ្យបានអស់នៅយប់នេះ ឬក៏ថ្ងៃស្អែក។
ការព្រមានរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានធ្វើឡើង នៅក្នុងកិច្ចជំនួបជាមួយនឹងឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រី ក្រសួងការបរទេសថៃ លោក សុំពង់ អាម៉នវីវ៉ាត់ នៅឯក្រសួងការបរទេសកម្ពុជា ក្នុងរាជធានីភ្នំពេញ។
ទោះជាយ៉ាងណាក្តី លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានមានប្រសាសន៍ថា វាមិនអាចទស្សន៍ទាយបានទេថា តើអាចនឹងមានការផ្ទុះអាវុធរវាងកងទ័ពនៃប្រទេសទាំងពីរ ឬយ៉ាងណាឡើយ បើសិនជាកងទ័ពថៃមិនព្រមដកចេញពីព្រលានឥន្ទ្រីនោះ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងយ៉ាងដូច្នេះថា ៖ «បន្ទាន់ជាង គេ គឺកងទ័ព[ថៃ]ដែលចូលមកថ្ងៃនេះ ហើយមកទល់នឹងថ្ងៃនេះកំពុងតែបោះតង់នៅវាលឥន្ទ្រីនេះតែម្ដង គឺឲ្យគាត់ដកបន្ទាន់ បើដកយប់នេះមិនទាន់ គឺថ្ងៃស្អែកឲ្យដក ហើយបន្តទៅ គឺដោះស្រាយបញ្ហានៅវត្តកែវសិក្ខាគិរីស្វរៈ»។
គួរជម្រាបថា កាលពីព្រឹកមិញ កងទាហានថៃបានព្យាយាមឆ្លងចូលទឹកដីខ្មែរត្រង់ចំណុចព្រលានឥន្ទ្រី ក្នុងខេត្តព្រះវិហារ ទីកន្លែងដែលទាហានថៃពីរនាក់បានរងរបួសដាច់ជើង ដោយសារជាន់មីន។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានមានប្រសាសន៍ថា ចំណុចព្រលានឥន្ទ្រីនោះជាចំណុចស្លាប់រស់ ហើយថា ការផ្ទុះអាវុធអាចនឹងកើតមានឡើងចេញពីចំណុចនោះ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានអំពាវនាវឲ្យកងទ័ពទាំងអស់មានការអត់ធ្មត់ កុំឲ្យមានការផ្ទុះអាវុធកើតឡើង។
Hello Neeachit, How are you ? I really miss you alot na ,
ReplyDeleteI hope to see you soon